នៅក្នុងបរិបទសេដ្ឋកិច្ចបច្ចុប្បន្ន សហគ្រិនជាច្រើន ជាពិសេស Startup និងសហគ្រាសធុនតូច-មធ្យម (SMEs) នៅទូទាំងប្រទេសកម្ពុជា នៅតែបន្តប្រឈមមុខនឹងភាពមិនច្បាស់លាស់ និងការស្វែងរកយុទ្ធសាស្ត្រកំណើនប្រកបដោយចីរភាព។ តើធ្វើដូចម្តេចទើបអាជីវកម្មអាចរឹងមាំ និងសម្រេចបានជោគជ័យ ទោះបីជាមានឧបសគ្គយ៉ាងណាក៏ដោយ? នេះជាសំណួរដ៏សំខាន់មួយ ដែលរបាយការណ៍ស្រាវជ្រាវជាតិផ្លូវការ «ទស្សនវិស័យនៃស្ថាបនិកធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យានៅកម្ពុជា ២០២៥» កំពុងនាំមកនូវចម្លើយដ៏ស៊ីជម្រៅ។
របាយការណ៍ដ៏មានតម្លៃ៖ យន្តការស្វែងយល់ពីបទពិសោធន៍ស្ថាបនិកធុរកិច្ចថ្មី
របាយការណ៍ «ទស្សនវិស័យនៃស្ថាបនិកធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យានៅកម្ពុជា ២០២៥» នេះ ត្រូវបានរៀបចំឡើងដោយនាយកដ្ឋានបរិវត្តកម្មឌីជីថលសហគ្រាសនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” (TSC) ដោយទទួលបានការគាំទ្រថវិកាពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ការស្រាវជ្រាវនេះមានគោលដៅផលិតនូវពុទ្ធិដ៏មានតម្លៃ ដែលបង្កើតចេញពីទស្សនវិស័យ និងបទពិសោធន៍របស់ស្ថាបនិកធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យា ដែលនឹងជួយពង្រឹងកម្មវិធីគាំទ្រទូទៅទាំង ៣ នាពេលអនាគត រួមមាន កម្មវិធី Hackathons, កម្មវិធីបណ្តុះអាជីវកម្ម (Incubators) និងកម្មវិធីពន្លឿនអាជីវកម្ម (Accelerators)។
ដើម្បីសម្រេចគោលដៅនេះ ការស្រាវជ្រាវបានប្រើប្រាស់វិធីសាស្ត្របែបគុណវិស័យ តាមរយៈការសម្ភាសស៊ីជម្រៅ (IDIs) ជាមួយស្ថាបនិកធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យាចំនួន ៤២ នាក់។ ស្ថាបនិកដែលជាអ្នកចូលរួមគោលដៅ គឺមកពីវិស័យ គំរូអាជីវកម្ម និងដំណាក់កាលអាជីវកម្មផ្សេងៗគ្នា ដើម្បីទទួលបានពុទ្ធិគ្រប់ជ្រុងជ្រោយ និងពេញលេញ។
លទ្ធផលសំខាន់ៗ៖ បញ្ហាប្រឈម និងចំណុចកែលម្អក្នុងកម្មវិធីគាំទ្រ
របាយការណ៍នេះបានរកឃើញថា ស្ថាបនិកធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យាជាច្រើនបានជួបប្រទះបញ្ហាក្នុងការទទួលបានការគាំទ្រ និងបានរំលេចនូវបញ្ហាប្រឈម ក៏ដូចជាសំណូមពរសម្រាប់ការកែលម្អក្នុងដំណាក់កាលផ្សេងៗ នៃកម្មវិធីគាំទ្រ៖
- មានស្ថាបនិកត្រឹមតែ ១៤ នាក់ប៉ុណ្ណោះ ក្នុងចំណោម ៤២ នាក់ ដែលបានចូលរួមក្នុងកម្មវិធីនេះក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយ។
- បញ្ហាប្រឈមចម្បងៗ រួមមាន៖ លក្ខខណ្ឌតម្រូវឱ្យចូលរួមផ្ទាល់ញឹកញាប់, បញ្ហាភាសា, គុណភាពអ្នកតម្រង់ទិស, ដំណើរការកម្មវិធីមានល្បឿនលឿន និងការកែប្រែគំនិតអាជីវកម្មដើមរបស់ស្ថាបនិក។
- សំណូមពររួមមាន៖ ការរៀបចំវគ្គពេលល្ងាច និងឯកសារបណ្តុះបណ្តាលជា ២ ភាសា ព្រមទាំងការផ្តល់មតិកែលម្អក្នុងន័យស្ថាបនា ជាជាងការផ្លាស់ប្តូរគំនិតដើម។
- កម្មវិធីបណ្តុះអាជីវកម្ម (Incubators):
- ស្ថាបនិក ២៨ នាក់ ក្នុងចំណោម ៤២ នាក់ បានចូលរួមក្នុងកម្មវិធីបណ្តុះអាជីវកម្មក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយ។
- បញ្ហាប្រឈម រួមមាន៖ កម្មវិធីសិក្សាមិនសូវសមស្រប, កម្មវិធីមានលក្ខណៈប្រពលភាពតម្រូវឱ្យចូលរួមផ្ទាល់ច្រើនពេង, ការមិនបង្ហាញលក្ខណៈវិនិច្ឆ័យច្បាស់លាស់, កង្វះអន្តរទំនាក់ទំនងជាមួយអ្នកតម្រង់ទិស និងកង្វះគុណភាពនៃការតម្រង់ទិស។
- សំណូមពរ៖ ផ្តល់វគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ, បញ្ជាក់លក្ខខណ្ឌជ្រើសរើសអ្នកតម្រង់ទិសច្បាស់លាស់ និងធានាគុណភាពនៃការតម្រង់ទិសមួយទល់មួយ។
- កម្មវិធីពន្លឿនអាជីវកម្ម (Accelerators):
- ស្ថាបនិក ៣២ នាក់ ក្នុងចំណោម ៤២ នាក់ បានចូលរួមកម្មវិធីពន្លឿនអាជីវកម្មក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយ។
- បញ្ហាប្រឈម៖ ភាពលំបាកក្នុងការរក្សាតុល្យភាពរវាងការចូលរួមផ្ទាល់ និងភារកិច្ចប្រតិបត្តិអាជីវកម្ម, កាលវិភាគផ្លាស់ប្តូរលឿនពេក, គម្លាតខុសគ្នានៃសមត្ថភាពអ្នកចូលរួម, កង្វះអ្នកតម្រង់ទិសមានបទពិសោធន៍, បញ្ហាភាសា, និងកង្វល់លើជំនាញរបស់គណៈកម្មការ។
- សំណូមពរ៖ កែលម្អការតម្រង់ទិស, កម្មវិធីសិក្សាជា ២ ភាសា និងមានលក្ខណៈជាក់លាក់, លក្ខខណ្ឌជ្រើសរើសសមស្រប និងជម្រើសធ្វើបទបង្ហាញជាភាសាខ្មែរ ឬអង់គ្លេស។
អនុសាសន៍គន្លឹះ៖ ឆ្ពោះទៅរកប្រព័ន្ធអេកូឡូស៊ី Startup រឹងមាំ
របាយការណ៍នេះបានផ្តល់នូវអនុសាសន៍ជាក់ស្តែងសម្រាប់ទាំងស្ថាបនិក និងអ្នករៀបចំកម្មវិធីគាំទ្រ៖
- សម្រាប់ស្ថាបនិកធុរកិច្ចថ្មី: គួរសកម្មក្នុងការបង្កើនចំណេះដឹង និងជំនាញ សិក្សាស្រាវជ្រាវកម្មវិធីគាំទ្រដែលស្របនឹងអាជីវកម្ម តាំងចិត្តត្រៀមលះបង់ពេលវេលា និងធនធាន ផ្លាស់ប្តូរផ្នត់គំនិតផ្តោតលើឱកាសរៀនសូត្រជាងរង្វាន់ និងផ្តល់ដំណឹងទៀងទាត់ដល់អ្នករៀបចំកម្មវិធីអំពីវឌ្ឍនភាព និងបញ្ហាប្រឈម។
- សម្រាប់អ្នករៀបចំកម្មវិធី: គួរផ្សព្វផ្សាយច្បាស់លាស់នូវពេលវេលា លក្ខខណ្ឌ និងអត្ថប្រយោជន៍នៃកម្មវិធី ធានានីតិវិធីជ្រើសរើសធុរកិច្ចថ្មី និងអ្នកតម្រង់ទិសឱ្យមានគុណភាព និងយុត្តិធម៌ បង្កើតកម្មវិធីគាំទ្រជាស៊េរី (Hackathons, Incubators, Accelerators, Post-Accelerators) ផ្តល់មូលនិធិបណ្តុះពន្លកដំបូង និងជំរុញការភ្ជាប់ទំនាក់ទំនងជាមួយអ្នកវិនិយោគ ព្រមទាំងផ្តល់ការគាំទ្រក្រោយកម្មវិធីប្រកបដោយរចនាសម្ព័ន្ធដល់ធុរកិច្ចថ្មីទាំងអស់។
សេចក្តីសន្និដ្ឋាន:
របាយការណ៍នេះអាចក្លាយជាកាតាលីករមួយក្នុងការបំផុសការជជែកពិភាក្សា និងបង្កើនសកម្មភាពនានា ដែលអាចនាំទៅរកបម្លាស់ប្តូរប្រកបដោយភាពវិជ្ជមាន សំដៅជំរុញការគាំទ្រឱ្យកាន់តែរឹងមាំដែលអាចឆ្លើយតបនឹងគោលដៅរបស់ស្ថាបនិកធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យា។ តាមរយៈការអនុវត្តអនុសាសន៍ទាំងនេះ ប្រព័ន្ធអេកូឡូស៊ី Startup របស់កម្ពុជានឹងកាន់តែរស់រវើក និងនិរន្តរភាពក្នុងរយៈពេលវែង។
ប្លុកនេះត្រូវបានសរសេរឡើងដោយក្រុមការងារ BKD Academy ដែលជាអង្គភាពផ្ដោតទៅលើការបណ្ដុះបណ្ដាល ម៉ាឃិធិង ឌីជីថលម៉ាឃិធិង បច្ចេកវិទ្យាម៉ាឃិធិង និងភាពជាអ្នកដឹកនាំក្នុងវិស័យឌីជីថល សម្រាប់សហគ្រាសធន់តូច និងមធ្យម និងសម្រាប់កសាងអាជីពម៉ាឃិធិងនៅកម្ពុជា។
ត្រូវការជំនួយផ្នែកទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម យុទ្ធនាការ PR ឬពង្រីកអាជីវកម្មផ្នែកម្ហូបអាហារ និងភេសជ្ជៈ (F&B) របស់អ្នកនៅលើប្រព័ន្ធអនឡាញមែនទេ? សូមទាក់ទងភ្នាក់ងាររបស់យើង៖ 🌐 BizKhmer Digital Media – ក្រុមការងារដ៏គួរឱ្យទុកចិត្ត ផ្នែកទីផ្សារឌីជីថល។
ហើយសម្រាប់និន្នាការអាជីវកម្មខ្មែរផ្តាច់មុខ រឿងរ៉ាវអាជីវកម្ម ចំណេះដឹងថ្មីៗ (startup stories) និងការយល់ដឹងស៊ីជម្រៅអំពីសេដ្ឋកិច្ចកម្ពុជា សូមចូលទៅកាន់គេហទំព័រ Press Releas របស់យើង៖ 🌍 BizKhmer.com